(សៀមរាប)៖ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ព័ត៌មានក្លែងក្លាយ បានក្លាយជាបញ្ហាប្រឈមមួយនៅលើបណ្ដាញសង្គម ដោយជនខិលខូចធ្វើសកម្មភាពញុះញង់ និងលាបពណ៌លើរាជរដ្ឋាភិបាល មានចេតនាទាញយកផលប្រយោជន៍នយោបាយ សកម្មភាពទុច្ចរិត និងអាជីវកម្មជាដើម។ ខណៈស្របពេលប្រព័ន្ធផ្សព្វផ្សាយឌីជីថលកាន់តែរីកចម្រើន យុវជនក៏កំពុងក្លាយជាក្រុមដែលងាយនឹងទទួលឥទ្ធិពល ពីព័ត៌មានក្លែងក្លាយនេះ។
ការលើកឡើងយ៉ាងដូច្នេះរបស់លោក សុខ ថុល នៅក្នុងពិធីបើកយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ «សូមនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងដល់សាធារណជន អំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងលើកកម្ពស់ការចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយតាមគ្រប់រូបភាព នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយមន្ទីរព័ត៌មានខេត្ត សហការជាមួយរដ្ឋបាលខេត្តសៀមរាប។
លោកបានបន្តថា បច្ចុប្បន្នពិភពលោក កំពុងប្រឈមនឹងបញ្ហាភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ទន្ទឹមនឹងត្រូវប្រឈមមុខចំពោះការបញ្ចេញព័ត៌មានក្លែងក្លាយ ដែលនាំឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងការពារសន្តិភាព និងស្ថេរភាពពិភពលោក។
លោក សុខ ថុល បន្ថែមថា ស្របពេលជាមួយគ្នានេះ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមប្រព័ន្ធឌីជីថលថ្មី បានបង្កឱ្យមានអំពើហិង្សា ការស្អប់ខ្ពើម ការរើសអើង និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់នយោបាយ និងសង្គម។ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ត្រូវបានគេយកទៅប្រើប្រាស់ ដើម្បីបង្កើតព័ត៌មានដែលមានចរិតបំភាន់ និងបំពុលសង្គម ព្រមទាំងងាយបោកប្រាស់ប្រជាពលរដ្ឋ។
លោក យឿន ចាន់ អនុប្រធានទទួលបន្ទុករួមមន្ទីរព័ត៌មានខេត្ត បានបង្ហាញថា ការចាប់ផ្ដើមបើកយុទ្ធនាការទ្រង់ទ្រាយធំនាពេលនេះ គឺដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងគោលបំណង ដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយគ្រប់ទម្រង់នៅកម្ពុជា។
លោកបានបន្តថា យុទ្ធនាការនៅខេត្តសៀមរាបនេះ គឺជាគោលដៅទី៦ នៃការអនុវត្តយុទ្ធនាការទូទាំងប្រទេស ក្រោមទិសស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលត្រូវបានផ្ដួចផ្ដើមឡើងដោយក្រសួងព័ត៌មាន។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងព័ត៌មាន បានដាក់ចេញនូវយន្តការ និងវិធានការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ ដោយប្រើប្រាស់យុទ្ធសាស្ត្រ «៣ ប» គឺ«បញ្ជ្រាប បន្សាប និងបង្ក្រាប»។ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត គឺជានិន្នាការសកលដែលតម្រូវឱ្យមានការបង្កើតយន្តការដោះស្រាយ និងការចូលរួមពីគ្រប់ភាគី រួមទាំងបច្ចេកទេស បច្ចេកវិទ្យា និងការចូលរួមពីប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។
លោកបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤កន្លងទៅ ក្រុមការងារនៃគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន បានកត់ត្រា និងទប់ស្កាត់ព័ត៌មានក្លែងក្លាយបានសរុបចំនួន ៣, ៦៥១ករណី ដែលជាចំនួនកើនឡើងប្រមាណ ១៤ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣, ២០៨ ករណី។
ជាមួយនេះដែរ លោករំពឹងថា សម្រាប់គោលដៅចុងក្រោយនៃយុទ្ធនាការនេះ គឺកាត់បន្ថយព័ត៌មានក្លែងក្លាយឱ្យមកនៅកម្រិតអប្បបរមា សំដៅធានាឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាព៕

















No comments:
Post a Comment